បើសិនជាការប្រកួតប្រឡងអក្សរសាស្ត្រខ្មែរទាំងការសរសេរ
និងការនិយាយជាសាធារណៈមានការពេញនិយមគាំទ្រកក្រើកពិភពសិល្បៈដែលមានបេក្ខជនមកពីខេត្តនានាទូទាំងប្រទេសដូចការប្រកួតប្រឡងចម្រៀង
The Voice Kids in Cambodia កាលពីសប្តាហ៍មុននេះវិញ
មិនដឹងជាកូនខ្មែរពូកែភាសាខ្មែរខ្លួនឯងយ៉ាងណាទេ?
ហើយវាជាការលើកស្ទួយភាសាខ្មែរឲ្យកាន់តែប្រសើរឡើង
និងជាការឆ្លើយតបទៅនឹងច្បាប់រដ្ឋធម្មនុញ្ញមាត្រា ៥
ដែលបានចែងយ៉ាងច្បាស់ណាស់ថា៖ «ភាសា
និងអក្សរដែលប្រើផ្លូវការគឺភាសា និងអក្សរខ្មែរ»។
តើហេតុអ្វីបានជាកូនខ្មែរមួយចំនួននៅតែមិនយកចិត្តទុកដាក់ភាសារបស់ខ្លួនទៅវិញ?
បើទោះបីពួកគេមានលទ្ធភាពទៅសាលារៀន
និងចូលដល់សម័យបច្ចេកវិទ្យាឌីជីថលហើយក៏ដោយនោះ?
សព្វថ្ងៃមើលទៅកូនខ្មែរមួយចំនួននិយាយភាសាខ្មែរខ្លួនឯងមិនច្បាស់
និងសរសេរខុសច្រើន ឬក៏សរសេរពុំមានឃ្លាប្រយោគច្បាស់លាស់នោះទេ
ហើយនេះមិនទាន់ពិនិត្យទៅលើខ្លឹមសារនៅឡើយផង។
បញ្ហាប្រើភាសាខ្មែរមិនត្រឹមត្រូវហ្នឹងគឺមកពីកត្តាខាងក្នុងប្រព័ន្ធអប់រំ និងកត្តាខាងក្រៅការអប់រំផងដែរ ៖
១) កត្តាខាងក្នុងប្រព័ន្ធអប់រំ៖
ថ្មីៗនេះក្រសួងអប់រំបានធ្វើកំណែទម្រង់បានល្អច្រើនគួរឲ្យកត់សម្គាល់តាំងពីការប្រឡងបាក់ឌុបជាគំរូ
បង្ហាញភាពយុត្តិធម៌ទាំងកូនសិស្ស
ទាំងមាតាបិតាឲ្យតែពួកគេចេះគឺជាប់។
ប្រាក់ខែគ្រូបង្រៀនក៏លោករដ្ឋមន្ត្រី ហង់ ជួនណារ៉ុន
ព្យាយាមដំឡើងជូន ហើយសន្យាថានឹងឡើងដល់ ១ លានយ៉ាងតិច
រីឯកម្មវិធីសិក្សាក៏មានកំណែទម្រង់ផងដែរ
ខណៈការប្រឡងឥឡូវមានសរសេរតាមអាននៅថ្នាក់ឌីប្លូម
និងតែងសេចក្តីនៅថ្នាក់បាក់ឌុបដូចដើមឡើងដែរនោះ។
តែអ្វីដែលសំខាន់គឺការធ្វើកំណែទម្រង់ឡើងចុះៗពីមុនមកនៅតែធ្វើឲ្យប៉ះពាល់មកដល់សង្គមសព្វថ្ងៃនេះដោយសារការប្រឡងបែបធ្វើ
QCM ដែលមិនចាំបាច់សរសេរទាំងអក្សរសាស្ត្រខ្មែរ
និងគណិតវិទ្យាគឺគ្រាន់តែគូសយកចម្លើយក្នុងប្រអប់ដែលត្រឹមត្រូវគឺគ្រប់គ្រាន់
តែឥឡូវលែងមានដូចអ៊ីចឹងហើយ។
ដូចគ្នានេះដែរ
ការប្រែប្រួលនៃការនិយមប្រើពាក្យថ្មីៗខុសពីមុនដូចជាកាលពីទសវត្សរ៍ឆ្នាំ
៨០ គឺគ្រូបង្រៀនឲ្យប្រើពាក្យ «ផ្លាកលេខ» ឥឡូវគេប្រើ
«ស្លាកលេខ» ឬក៏ពី «ពត៌មាន» មក «ព័ត៌មាន»
រីឯការប្រើពាក្យព្យាង្គរាយ ឬក៏ព្យាង្គតម្រួតដូចជាពីមុន
«សំរបសំរួល» ដល់ឥឡូវប្រើ «សម្របសម្រួល»។
តែមិនអាចចំណាំព្យាង្គតម្រួតដូចគ្នារហូតបានទេគឺ
«ជំងឺ»មិនអាចទៅជា «ជម្ងឺ» នោះទេ ឬក៏មិនអាច «គំរូ» មកជា
«គម្រូ» នោះដែរគឺសំខាន់មើលឫសដើមនៃពាក្យរបស់វាមានដែរឬអត់?
ជាងនេះទៅទៀតក្រសួងក៏បានផ្តល់ឱកាសឲ្យសាលាឯកជនពង្រឹងសមត្ថភាពទៅតាមសាលារៀងៗខ្លួនផងដែរ
ឆ្នាំនេះលទ្ធផលការប្រឡងបាក់ឌុបជាប់ដល់ ៦៣,៨៤
ភាគរយដែលកាលពីកំណែទម្រង់ដំបូងរបស់លោករដ្ឋមន្ត្រីឆ្នាំ ២០១៤
ជាប់តែ ៤០,៦ ភាគរយប៉ុណ្ណោះ (MoEYS, 2017)។
ប៉ុន្តែអ្វីដែលជាបញ្ហាចោទនៅត្រង់ថាហេតុអ្វីបានជាកូនសិស្សទៅសាលារៀនដូចគ្នាមកផ្ទះវិញមានខ្លះធ្វើកិច្ចការដែលគ្រូដាក់ឲ្យ
តែខ្លះបែរជាខ្ជិលទាំងបើកសៀវភៅមើលរំឭកឡើងទៅវិញ?
ករណីនេះគឺនៅមានគ្រូខ្លះមិនទាន់បានកែទម្លាប់របស់ខ្លួនផង
ឧទាហរណ៍គ្រូដូចគ្នាបើឲ្យគាត់បង្រៀននៅសាលារដ្ឋដូចរាងខ្ជិលដោយធ្វើឲ្យរួចតែពីដៃ
ពុំសូវដាក់កិច្ចការឲ្យកូនសិស្សធ្វើនៅផ្ទះទេ
ហើយបើមានកូនសិស្សក្រីក្រផងរឹតតែមិនយកចិត្តទុកដាក់ទៅទៀត។
តែបើគាត់ដដែលមកបង្រៀននៅសាលាឯកជនវិញគឺត្រង់កន្ទុយមកបង្រៀនក៏ទាន់ពេលវេលាហើយតាមដានកូនសិស្សល្អតាំងពីដាក់កិច្ចការឲ្យសិស្សធ្វើនៅផ្ទះ។
នេះគឺជាគម្លាតគ្នារវាងកូនសិស្សសាលារដ្ឋ
និងសាលាឯកជនដែលធ្វើឲ្យប៉ះពាល់ការប្រើភាសាខ្មែរ។
ម្យ៉ាងទៀតឪពុកម្តាយធូរធារទៅចង់ឲ្យកូនទៅរៀននៅក្រៅប្រទេសគឺឲ្យរៀនតែនៅតាមសាលាភាសាបរទេស
រីឯភាសាខ្មែរគ្រាន់តែបន្ទាប់បន្សំដែលធ្វើឲ្យកូនៗពួកគាត់ខ្សោយអក្សរខ្មែរ
ហើយនិយាយភាសាខ្មែរប៉ៃឡាំៗ
ឬក៏និយាយខុសឃ្លាសាមញ្ញៗតែម្តងឧទាហរណ៍៖ ឃ្លានទឹក
និងពាក់ខោជាដើម...។
២) កត្តាខាងក្រៅប្រព័ន្ធអប់រំ៖
ឪពុកម្តាយមួយចំនួនគឺទំយើកូនពេករឿងភាសាបរទេសឲ្យគេសរសើរថាកូនគេគ្រាន់បើសូម្បីតែនៅផ្ទះនិយាយតែអង់គ្លេសសុទ្ធ
ឬក៏ភាសាចិនសុទ្ធដែលឪពុកម្តាយសង្ឃឹមថាភាសាខ្មែរងាយស្រួលរៀនចេះ
តែធាតុពិតគឺកូនៗពួកគេនិយាយភាសាខ្មែរអត់ច្បាស់
និងអត់ចេះសរសេរតែម្តង។
ឪពុកម្តាយខ្លះដឹងខ្លួនទាន់ក៏ជួលគ្រូមកបង្រៀនដល់ផ្ទះក៏នៅតែយ៉ាប់ដដែល។
មានករណីឪពុកម្តាយខ្លះមានលទ្ធភាពសម្រាប់ឲ្យកូនសិក្សាគ្រប់គ្រាន់ហើយ
តែមិនយកចិត្តទុកដាក់ចំពោះការសិក្សារបស់ពួកគេទេ
នៅពេលគ្រូដាក់កិច្ចការឲ្យធ្វើនៅផ្ទះនោះដោយយកលេសរវល់ដែលតាមពិតរវល់កម្មវិធីនៅហាងខាងក្រៅរហូត
ហើយចេះតែត្អូញត្អែរថាកូនរៀនសាលាល្អហើយរៀនមិនកើតទៀត។
បញ្ហាដ៏ធំមួយទៀតគឺផលប៉ះពាល់ពីកត្តាជីវភាពគ្រួសារក្រីក្រពេកធ្វើឲ្យឪពុកម្តាយដាច់ចិត្តឲ្យកូនឈប់រៀនតែម្តងគឺឲ្យពួកគេជួយរកលុយសម្រាប់គ្រួសារ
អ៊ីចឹងហើយបានជាគាត់រៀនមិនដល់កម្រិតការអប់រំដើម្បីទាំងអស់គ្នាបញ្ចប់ឌីប្លូមថ្នាក់ទី
៩ ។
រឿងរៀនបានតិចជារឿងមួយ
ប៉ុន្តែរឿងដែលសំខាន់មួយទៀតគឺពលរដ្ឋខ្មែរសឹងតែទូទៅហើយដែលមិនមានវប្បធម៌អំណានខ្លួនឯង
សូម្បីតែភាសាខ្លួន
ឬកាសែតដែលស្តង់ដារភាសាខ្មែរក៏ខ្ជិលអានដែរ
តែបែរមកចូលចិត្តគេអានឲ្យស្តាប់ ឬក៏សម្តែងឲ្យមើលទៅវិញ។
ម្យ៉ាងទៀតគឺការសរសេរកាសែតក្នុងស្រុកមានកំហុសច្រើន តាំងពីពាក្យ
និងឃ្លាឃ្លោងភ្ជាប់សេចក្តីពីមួយទៅមួយទៀត
និយាយចំគឺគ្មានអ្នកកែសម្រួលភាសាខ្មែរមុនការចេញផ្សាយ។
រីឯឯកសារផ្លូវការរបស់ស្ថាប័នរដ្ឋភាគច្រើនក៏សរសេរខុសដែរគឺគ្មានអ្នកកែអក្ខរាវិរុទ្ធទេ
បើមើលទៅគេហទំព័ររបស់ស្ថាប័នក៏ដូចគ្នាខ្លះសរសេរឲ្យតែបានៗទៅរួចគ្នា។
យ៉ាងណាមិញរាល់ការបិទប្រកាសហាមប្រាម
ឬក៏ការផ្សាយពាណិជ្ជកម្មផ្ទាំងធំៗនៅតាមទីសាធារណៈក៏ខុសពាក្យដែរ។
រាល់កំហុសដែលផ្តើមចេញមកពីការខ្វះការប្រុងប្រយ័ត្នពីឯកសារ
ឬក៏អត្ថបទផ្លូវការចេញផ្សាយបែបនេះហើយធ្វើឲ្យប៉ះពាល់ការប្រើប្រាស់ភាសាខុសតៗគ្នារហូតនៅពេលប្រើភាសាខ្មែរនៅតាមបណ្តាញសង្គមហ្វេសប៊ុក
ឬក៏ធ្វីធើរនៅតែខុសតៗគ្នាដដែល។
សរុបមកវិញ
ចម្លើយដែលថាតើធ្វើមេ្តចដើម្បីកាត់បន្ថយការសរសេរកុំឲ្យចេះតែខុសតគ្នារហូតនោះគឺមានតែឲ្យព័ត៌មានត្រឡប់ជាមួយនឹងហេតុផលសមរម្យមកអ្នកសរសេរខុសនោះឲ្យសមស្របដែលគេអាចទទួលយកបានទោះនៅតាមហ្វេសប៊ុកក្តី
សូមកុំឲ្យយោបល់របៀបវាយប្រហារ
ឬក៏មើលងាយគ្នាធ្វើឲ្យអ្នកសរសេរខុសទទួលយកមិនបាន។
ស្ថាប័ននីមួយៗទាំងរដ្ឋទាំងឯកជនត្រូវមានអ្នកកែសម្រួលភាសាខ្មែរ
មុននឹងចេញផ្សាយឯកសារជាសាធារណៈនោះ
ជាពិសេសសារព័ត៌មានហ្នឹងតែម្តងការប្រើកម្មវិធី Open Office
ភាសាខ្មែរគឺអាចកែអក្ខរាវិរុទ្ធភាសាខ្មែរផងដែរ។
ចំណែកឯ ការសិក្សារបស់កុមារវិញ
បើមិនទាន់មានលទ្ធភាពសមរម្យនោះគឺចាប់ផ្តើមឲ្យកូនៗរៀនអក្សរជាតិខ្មែរខ្លួនឯងសិនព្រោះសាលារដ្ឋមិនបង់ប្រាក់ទេ
រួចសឹមបន្តភាសាបរទេសបន្ទាប់
តែសម្រាប់ឪពុកម្តាយមានលទ្ធភាពគ្រប់គ្រាន់ហើយគឺឲ្យកូនរៀនទាំងពីរភាសាខ្មែរ
និងអង់គ្លេស ឬក៏ចិនទៅគឺទៅដំណាលគ្នាក៏ល្អដែរ
ព្រោះការធ្វើកិច្ចការ ឬក៏របៀបអប់រំក៏ប្រហាក់ប្រហែលគ្នាដែរ។
ចេះទាំង ២ ភាសាគឺល្អហើយ
ព្រោះនៅពេលដែលចេះភាសាអង់គ្លេសច្បាស់គឺងាយស្រួលក្នុងការបន្តការសិក្សានៅថ្នាក់ឧត្តម
និងនៅបរទេស
ឬក៏ការប្រកួតប្រជែងទីផ្សារនៅអាស៊ានក៏ប្រើភាសាអង់គ្លេសខ្លាំងណាស់ដែរ។
តែការសិក្សារបស់កូននៅសាលារៀនក៏ប្រើទុនធំមួយដែរ តែឪពុកម្តាយ
ឬមាមីងនៅផ្ទះក៏ចូលរួមចំណែកដ៏ធំមួយក្នុងបញ្ហានេះ
ជាពិសេសការបត់បែនភាសាខ្មែរថ្មីៗឲ្យទាន់ក៏មានកំហុសច្រើន។
និយាយឲ្យចំគឺសហការគ្នារវាងគ្រូ
និងមាតាបិតាសិស្សក្នុងការតាមដានកូនរបស់អ្នកមិនមានន័យថាដណ្តើមផលប្រយោជន៍គ្នាដូចកាលពីជំនាន់មុនៗដែលថា៖
«កូនគេរៀនពូកែមកពីពូជគេពូកែអ៊ីចឹង!» ឬក៏ «មកពីគ្រូល្អ!»
អ៊ីចឹងនោះទេ។
មធ្យោបាយដែលអាចទៅរួចគឺការប្រកួតប្រជែងភាសាខ្មែរឲ្យមានការចូលរួមប្រឡងភ្លូកទឹកភ្លូកដីឲ្យដូចការប្រឡងចម្រៀងកុមារ
The Voice ករណីហ្នឹងភាសាខ្មែរដឹងតែសរសេរ
និងនិយាយជាសាធារណៈលែងសូវខុសហើយ។
បទពិសោធគម្រោងល្អៗដែលកំពុងតែធ្វើឲ្យភាសាខ្មែរឲ្យកាន់តែប្រសើរឡើងនោះគឺគម្រោងរបស់អង្គការ
KAPE ដែលជាជំនួយបច្ចេកទេសពីអង្គការ InSTEDD/SPIDER
គឺការរៀនសរសេរអក្សរខ្មែរនៅលើ Tablet
តែម្តងដើម្បីជំរុញលើកទឹកចិត្តដល់កុមាររៀនសរសេរអក្សរខ្មែរឲ្យត្រឹមត្រូវតាមឌីជីថល
(ICT)
ដែលបានសាកល្បងរួចហើយនឹងចាប់ផ្តើមឲ្យដំណើរការពេលចូលកងវិញឆ្នាំនេះក្នុងខេត្តកំពង់ចាម
ខេត្តត្បូងឃ្មុំ និងខេត្តស្វាយរៀង។
រីឯគម្រោងរបស់អង្គការ UNESCO ក៏ចាប់ផ្តើមបញ្ជ្រាបអក្ខរកម្មភាសាខ្មែរទៅស្ត្រីនៅតាមបណ្តារោងចក្រកាត់ដេរផងដែរ៕